យោងតាមបុគ្គល ៥រូបដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាប្រឆាំងយានដ្រូនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅឯមូលដ្ឋានទ័ពអាកាសសំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលខ្លួនកំពុងស្វែងរកការទប់ស្កាត់ការវាយប្រហារដែលបានបំផ្លាញយន្តហោះ និងអគារ ហើយបានសម្លាប់សមាជិកយោធាយ៉ាងហោចណាស់ម្នាក់។
ការដាក់ពង្រាយប្រព័ន្ធបញ្ជា និងត្រួតពិនិត្យរបស់អ៊ុយក្រែនឈ្មោះ Sky Map នៅមូលដ្ឋានទ័ពអាកាស Prince Sultan Air Base ដែលមិនធ្លាប់មានការរាយការណ៍ពីមុនមកនោះ គឺជាសញ្ញាមួយដែលបង្ហាញថា តើយោធាអ៊ុយក្រែនបានរីកចម្រើនទៅមុខយ៉ាងដូចម្ដេច នៅក្នុងបច្ចេកវិទ្យាយានដ្រូន និងប្រឆាំងយានដ្រូន ដែលត្រូវបានពង្រឹង អំឡុងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ខ្លួន ជាមួយរុស្ស៊ី។
មន្ត្រីយោធាអ៊ុយក្រែនបានទៅដល់មូលដ្ឋាននេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអាមេរិកប្រើប្រាស់ប្រព័ន្ធ Sky Map នេះ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយយោធាអ៊ុយក្រែន ដើម្បីតាមរកឃើញការគំរាមកំហែងដោយយានដ្រូន ក្នុងនោះរួមទាំងយានដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ផងដែរ ហើយបើកការវាយប្រហារតបតជាមួយយានដ្រូនស្ទាក់ចាប់។
ដោយសារតែយានដ្រូនតម្លៃទាប និងផលិតទ្រង់ទ្រាយធំ ដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន មន្ទីរបញ្ចកោណបានបង្កើនការវិនិយោគលើបច្ចេកវិទ្យាប្រឆាំងយានដ្រូននេះ។ ប៉ុន្តែអ្នកវិភាគ បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាអ៊ុយក្រែន នៅមូលដ្ឋាន Prince Sultan ដែលមានចម្ងាយប្រហែល ៦៤០គីឡូម៉ែត្រ ពីប្រទេសអ៊ីរ៉ង់ និងដែលបានប្រឹងប្រែងទប់ទល់នឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម បានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងការការពារដែនអាកាស និងមីស៊ីលរបស់សហរដ្ឋអាមេរិក៕

