លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ប្រទេសបារ៉ែន កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរៀបចំផែនការ រៀបចំ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។

លោកបានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) និងក្រុមប្រឹក្សាសន្តិសុខថា៖«ដោយផ្អែកលើការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពួកគេបានរកឃើញថា អ្នកឈ្លានពាន គឺសហរដ្ឋអាមេរិក បានបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ព្រះរាជាណាចក្របារ៉ែន សម្រាប់ការរៀបចំផែនការ ត្រៀមខ្លួន បំពាក់អាវុធ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។

ការចោទប្រកាន់ស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតចំនួន ៤ ផ្សេងទៀត ដែលផ្ញើទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា គូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។
នៅក្នុងលិខិតទាក់ទងនឹងអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ក៏បានចោទប្រកាន់អារ៉ាប់រួមពីបទជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការឈ្លានពាននេះផងដែរ ដោយមានការអះអាងថា យន្តហោះចម្បាំង Mirage មួយគ្រឿងរបស់កងទ័ពអាកាសអារ៉ាប់រួម យានដ្រូន Akinci មួយគ្រឿង និងយន្តហោះចម្បាំង F-16 មួយគ្រឿង បានរំលោភលើដែនអាកាសរបស់អ៊ីរ៉ង់ ដោយវាយប្រហារគោលដៅនៅក្នុងច្រកសមុទ្រហ័រមូស និងនៅលើកោះនានា ក្នុងនោះមាន Qeshm, Abu Musa និងក្រុមកោះ Greater and Lesser Tunbs៕