ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់តែងតែស្វាគមន៍ការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចព្រមព្រៀង ហើយនឹងបន្តធ្វើដូច្នេះ។ នៅក្នុងការបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ការរំលោភលើការប្តេជ្ញាចិត្ត ការបិទផ្លូវ និងការគំរាមកំហែង បង្កើតជាឧបសគ្គចម្បងចំពោះការចរចាពិតប្រាកដ ហើយ «ពិភពលោកមើលឃើញវោហាសាស្ត្រមិនស្មោះត្រង់គ្មានទីបញ្ចប់ និងភាពផ្ទុយគ្នារវាងការទាមទារ និងសកម្មភាព» ដោយនិយាយសំដៅទៅលើសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធដែរនោះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា បទឈប់បាញ់គ្រប់ជ្រុងជ្រោយនឹងមានន័យ លុះត្រាតែវាពុំមានការបិទផ្លូវសមុទ្រ ឬអ្វីដែលលោកបានពិពណ៌នាថាជា «ការយកសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង» និងប្រសិនបើអ៊ីស្រាអែលបញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅគ្រប់ទីកន្លែង។

លោកបាននិយាយបន្ថែមថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងមិនអាចទៅរួចទេ ប្រសិនបើមានការរំលោភបំពានធ្ងន់ធ្ងរលើបទឈប់បាញ់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រ Hormuz គឺជាលទ្ធផលផ្ទាល់នៃការវាយប្រហារដោយយោធាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ។