ភ្នំពេញ៖មកដល់ពេលនេះ តំណាងអយ្យការមិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធពីរនាក់ទៀត ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់ នៅឡើយទេ។ នេះបើតាម អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានបញ្ជាក់ថា៖ «តំណាងអយ្យការមិនទាន់បញ្ជប់ការស៊េីបអង្កេត និងស្តាប់ចម្លេីយនៅឡេីយទេ»។
សូមជម្រាបថា ជនសង្ស័យជា មន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់ BTV ថា ៖ អង្គភាពប្រឆាំងអំពើពុករលួយបញ្ជួនខ្លួនមនុស្សចំនួន ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤កន្លះរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីស៊ីសំណូក Online Scams និងសម្អាតប្រាក់។
មន្ត្រីនគរបាលដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមានដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់។ ចំណែកអ្នកេះពាក់ព័ន្ធចំនួន ២រូប ផ្សេងទៀត មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបង្ហាញអត្តសញ្ញាណនៅឡើយទេ។
សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព
