ទិន្នផលពោតនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទូមសាគរ ខេត្តកោះកុង ត្រៀមប្រមូលផលលក់ទៅកាន់ទីផ្សារ បន្ទាប់ពីកសិករយកចិត្តទុកដាក់បង្កបង្កើនផល។ វាបានរួមចំណែកផ្ដល់ប្រាក់ចំណូលចិញ្ចឹមជីវភាពអ្នកភូមិនេះ។
ទិន្នផលពោតជាដំណាំកសិកម្មបន្ទាប់បន្សំរបស់កសិករនៅភូមិសុវណ្ណបៃតង ក្នុងមួយវគ្គៗ ទទួលបានចំណូលពីការលក់ទៅកាន់ទីផ្សារយ៉ាងហោចជាងបីលានរៀលដែរ។ នេះបើតាមការបញ្ជាក់របស់លោក មាស សាម៉ុន ជាកសិករគំរូម្នាក់នៅក្នុងភូមិសុវណ្ណាបៃតង។
លោកបានឱ្យដឹង ដំណាំពោត ដើម្បីបានទិន្នផលពោតខ្ពស់ ទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំតាមលក្ខណៈបច្ចេកទេសផ្នែកកសិកម្មផងដែរ។ វាត្រូវការពេលជិតពីរខែដើម្បីប្រមូលផល។
ទាក់ទិននឹងការធ្វើកសិកម្មនេះ លោក ហ៊ុយ សំណាង មេឃុំកណ្តោល លើកឡើងថា នៅក្នុងភូមិសុវណ្ណាបៃតង មានប្រជាពលរដ្ឋធ្វើកសិកម្មដាំដុះបន្លែ ចិញ្ចឹមសត្វ និងចេញទូកនេសាទ ដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ។ ជាការបំពេញសេចក្តីត្រូវការ និងសម្រួលដល់ការធ្វើដំណើរចរាចរណ៍ ក៏ដូចជាដឹកជញ្ជូនផលកសិកម្មទៅកាន់ទីផ្សារបានឆាប់រហ័ស អាជ្ញាធរស្រុកបូទុមសាគរ និងអាជ្ញាធរឃុំបានកសាងផ្លូវបេតុងថ្មីជាងពីរពាន់ម៉ែត្រជូនពលរដ្ឋ។
ការកសាងផ្លូវបេតុងនេះ អាជ្ញាធរឃុំ ក៏សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវបេតុង ចូលរួមថែរក្សាតាមរយៈការដឹកជញ្ជូនលើសទំនិញកំណត់ កុំបើកបរហួសល្បឿនកំណត់ និងចាក់ដីលើចិញ្ចើមផ្លូវគ្មានអនុញ្ញាត្ត៕
អត្តបទ មករា




