ឃីកប៊ុកស៊ីង៖ សមាជិកក្រុមជម្រើសជាតិឃីកប៊ុកស៊ីងកម្ពុជាកីឡាករ ឈុត សេរីវ៉ាន់ថង បានអះអាងថា ការប្ដូរពីប្រកួតបែបឃីកបុកស៊ីងទៅប្រកួតបែបគុនខ្មែរគ្មានអ្វីត្រូវបារម្ភនោះទេ ផ្ទុយទៅវិញអ្នកលេងគុនខ្មែរមកប្រកួតឃីកបុកស៊ីងទេ ទើបជួបការលំបាក។
ការលើកឡើងនេះ បន្ទាប់ពីរូបគេត្រូវបានផ្គូរផ្គង់ជួបកីឡាករជើងខ្លាំងចិន Su Ke Xin ក្នុងការប្រកួតបែបប្រដាល់គុនខ្មែរ ទម្ងន់ ៥៧.៥គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” លើកទី១ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ឈុត សេរីវ៉ាន់ថង បញ្ជាក់ថា អ្វីដែលបារម្ភចំពោះការប្រកួតនេះគឺខ្លួនត្រូវជួបជើងខ្លាំងលំដាប់ប្រទេសចិន តែគេសប្បាយចិត្តដែលបានជួបជើងខ្លាំងបែបនេះ ព្រោះជាឱកាសល្អដើម្បីវាស់ស្ទង់សមត្ថភាព និងការពង្រឹងសមត្ថភាព ក៏ដូចជាបច្ចេកទេសរបស់ខ្លួនត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor King Fight លើកទី១ នៅមុខអង្គរ ខេត្តសៀមរាបនាចុងសប្ដាហ៍នេះគឺមានកីឡាករ-កីឡាការិនីជើងខ្លាំងកម្ពុជា-ចិន ១០គូត្រូវជួបគ្នាក្នុងនោះមាន ២គូត្រូវប្រកួតបែបគុនខ្មែរ ខណៈ ៨គូទៀតត្រូវប្រកួតបែបឃីកប៊ុកស៊ីង។ តាមគម្រោងព្រឹត្តិការណ៍ដ៏ធំនេះក៏នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ៖ លី ឈុនឡា