នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបប្រធានាធិបតីស៊ីបលោក Nikos Christodoulides នៅទីក្រុង Nicosia មុនជំនួបកំពូលរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU)ដែលធ្វើម្ចាស់ផ្ទះដោយប្រទេសនៅក្នុងសមុទ្រមេឌីទែរ៉ាណេមួយនេះ ។
ជំនួបក្រៅផ្លូវការរយៈពេល ២ថ្ងៃ នឹងរៀបចំឡើងនៅក្នុងទីក្រុង Nicosia និងទីក្រុង Ayia Napa ហើយនិងត្រូវបានធ្វើជាប្រធានដោយប្រធានក្រុមប្រឹក្សា EUលោក Antonio Costa ។
ជំនួបកំពូលនេះ មានការចូលរួមពីប្រមុខរដ្ឋ EU និងដៃគូមកពីតំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាលើវិបត្តិអ៊ីរ៉ង់ សន្តិសុខថាមពល និងក្របខណ្ឌហិរញ្ញវត្ថុពហុឆ្នាំរបស់ប្លុកមួយនេះ ។
ជម្លោះនៅអ៊ុយក្រែននឹងក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់ផងដែរ ស្របពេលដែលលោកប្រធានាធិបតី Volodymyr Zelenskiy នឹងចូលរួមជំនួបកំពូលមួយនេះ ។
ពេលជួបលោក Christodoulides នៅវិមានប្រធានាធិបតីស៊ីប លោក Macron និយាយថា ពួកយើងមានប្រធានបទរួមច្រើនណាស់ដែលពួកយើងចង់ពិភាក្សា ហើយបញ្ហាភូមិសាស្រ្តនយោបាយ ពួកយើងពិភាក្សារួមគ្នា ។ លោកគិតថា នេះគឺជាឱកាសដ៏អស្ចារ្យមួយ ៕