នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ ព្រះវស្សា នៅមហាកុដិ វត្តបទុមវតីរាជវរារាម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងវរោកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សានោះ ក៏មានការប្រារព្ធពិធីមហាសង្ឃទានបច្ច័យបួន ដោយមានការវេរទិឃាយុវឌ្ឍនភត្តប្រគេនព្រះសង្ឃ ចំនួន ៥០០អង្គ ដើម្បីជាការឆ្លើយតបចំពោះគុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
សូមជម្រាបជូនផងដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។
ទ្រង់បានចាប់ផ្ដើមចូលសិក្សាអក្សរសាស្ត្រខ្មែរតាំងពីទ្រង់មានព្រះជន្ម ១១ឆ្នាំ និងបានបួសជាសាមណេរក្នុងព្រះជន្ម ១៩ឆ្នាំ នៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមាន ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ព្រះគ្រូសូធ្យឆ្វេងវត្តពោធិ៍ ជាព្រះឧបជ្ឈាយ៍ដើម៕












