លោក Stephane Dujarric គឺជាអ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) និយាយថា អង្គការរបស់លោក បានថ្កោលទោលអំពើហិង្សាអ្នកតាំងលំនៅនិគមន៍កើនឡើងដែលមានគោលដៅលើសិស្សសាលាប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង ។

លោកថា UN បន្តទទួលបានសេចក្តីរាយការណ៍អាសន្នពីការវាយប្រហាររបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនប៉ាឡេស្ទីន ការខូចខាត និងការជម្លៀសខ្លួន ។ លោកបានគូសបញ្ជាក់ផងដែរពីតម្រូវការបន្ទាន់ ដើម្បីការពារ និងស្តាឡើងវិញការអប់រំសម្រាប់កុមារប៉ាឡេស្ទីន ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់យុវជនវ័យ ១៥ឆ្នាំម្នាក់ អំឡុងការវាយឆ្មក់របស់កងទ័ពនៅតំបន់កាន់កាប់វ៉េសប៊ែង ។
នៅទីក្រុង Nablus ស្ថិតក្នុងតំបន់វ៉េសប៊ែង ក្រុមមន្រ្តីសុខភាព និយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់យុវជន Youssef Sameh Shtayyeh អំឡុងការវាយឆ្មក់នៅតែបន្តក្នុងទីក្រុងមួយនេះ ។
យោធាអ៊ីស្រាអែលនិយាយថា យុវជនប៉ាឡេស្ទីនម្នាក់នេះ បានចោលដុំថ្មលើកងកម្លាំងរបស់ខ្លួន អំឡុងប្រតិបត្តិការនៅទីក្រុង Nablus ជាហេតុធ្វើឲ្យពួកគេបាញ់ប្រហារលើជនសង្ស័យម្នាក់នោះ ។ យោធាបន្តថា ពួកគេបានដឹងសេចក្តីរាយការណ៍ថា យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅកន្លែងកើតហេតុ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបាញ់សម្លាប់បុរសជនប៉ាឡេស្ទីនវ័យ ២៥ឆ្នាំម្នាក់ គឺលោក Odeh Awawdeh នៅទីក្រុង Deir Dibwan ស្ថិតនៅជិតទីក្រុង Ramallah កាលពីរយៈពេល ១ថ្ងៃមុន គឺជាអ្វីដែលក្រុមសិទ្ធិមនុស្សរៀបរាប់ថា ជាអំពើហិង្សាកើនឡើងលើជនប៉ាឡេស្ទីនបង្កឡើងដោយក្រុមអ្នកតាំងលំនៅនិគមន៍ និងទាហានអ៊ីស្រាអែល ។
យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេលើឧបទ្ទេវហេតុមួយនេះ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានសម្លាប់ដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕
