
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ កំពុងរាលដាលនៅទូទាំងពិភពលោក ដោយនិយាយបន្ថែមថា ទីក្រុងតេអេរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ» ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Hegseth បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ការបិទផ្លូវរបស់យើង កំពុងកើនឡើង ហើយកំពុងរាលដាលនៅទូទាំងពិភពលោក»។
លោកនិយាយថា «គ្មាននរណាម្នាក់បើកនាវាពីច្រកសមុទ្រ Hormuz ទៅកាន់កន្លែងណាមួយក្នុងពិភពលោក ដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះទេ»។
ប្រភពព័ត៌មានពីប្រទេសប៉ាគីស្ថានចំនួនបី បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា កិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសប៉ាគីស្ថាន។

ដោយឈរនៅក្បែរឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក លោក Dan Caine លោកHegseth បាននិយាយថា សហរដ្ឋអាមេរិក «មិនអន្ទះសារនោះទេ» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបាននិយាយម្តងទៀតអំពីការលើកឡើងកាលពីពេលមុនរបស់លោក Trump ថា «មានពេលវេលាច្រើនដែលយើងមិនចាំបាច់ប្រញាប់ទេ»។ លោកនិយាយថា «អ៊ីរ៉ង់ ដឹងថាពួកគេនៅតែមានបង្អួចបើកចំហដើម្បីជ្រើសរើសដោយភាពឈ្លាសវៃនៅតុចរចា។ អ្វីដែលពួកគេត្រូវធ្វើ គឺបោះបង់ចោលអាវុធនុយក្លេអ៊ែរតាមរបៀបដែលមានន័យ និងអាចបង្ហាញឲ្យឃើញពីការពិត»។ លោក Caine និយាយថា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនៅតែបន្តរក្សាការបិទផ្លូវយ៉ាងតឹងរ៉ឹងនៅកំពង់ផែទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ ខណៈនាវាចំនួន ៣៤ គ្រឿងត្រូវបានបង្វែរទិសដៅគិតត្រឹមថ្ងៃសុក្រ។ លោក Caine បាននិយាយបន្ថែមថា យោធាសហរដ្ឋអាមេរិកនឹងបន្តរារាំងនាវាអ៊ីរ៉ង់នៅមហាសមុទ្រប៉ាស៊ីហ្វិក និងនៅមហាសមុទ្រឥណ្ឌា។