មេដឹកនាំតំបន់មជ្ឈិមបូព៌ា និងមន្ត្រីសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៅប្រទេសស៊ីបកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ និងឱកាសសហប្រតិបត្តិការ។
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ព្រះអង្គម្ចាស់ Hussein bin Abdullah II របស់ប្រទេសហ្ស៊កដានី និងប្រធានាធិបតីលីបង់ លោក Joseph Aoun បានចូលរួមកិច្ចប្រជុំការងាររបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងនីកូស៊ី។
កិច្ចប្រជុំកំពូលក្រៅផ្លូវការនេះ ផ្តោតលើបរិយាកាសភូមិសាស្ត្រនយោបាយ និងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះជម្លោះក្នុងតំបន់ ជាពិសេសស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា និងលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងដៃគូសំខាន់ៗនៅមជ្ឈិមបូព៌ា។
ប្រធានាធិបតីលីបង់ លោក Joseph Aoun និងប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងបានព្រមានអំពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចដែលកំពុងកើនឡើង រួមទាំងការគំរាមកំហែងដល់ពាណិជ្ជកម្មសកល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ។