ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) ថា ប្រទេសអ៊ីរ៉ង់គ្រោងផ្ដល់ការស្នើដែលមានគោលបំណងបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ខណៈដែលការចរចារវាងភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមមានឡើងវិញ នៅប៉ាគីស្ថាន។
ក្នុងអំឡុងពេលផ្ដល់សម្ភាសន៍តាមទូរស័ព្ទ លោក Trump បាននិយាយថា «ពួកគេកំពុងផ្ដល់ការស្នើរបស់ពួកគេ ហើយយើងនឹងត្រូវរង់ចាំមើល»។ តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា លោកមិនទាន់ដឹងថា តើការស្នើនោះជាអ្វីនៅឡើយទេ។
នៅពេលត្រូវបានសួរថា តើអ្នកណាដែលសហរដ្ឋអាមេរិកកំពុងចរចាជាមួយនោះ លោក Trump បានឆ្លើយថា៖ «ខ្ញុំមិនចង់និយាយរឿងនោះទេ ប៉ុន្តែឥឡូវនេះ យើងកំពុងដោះស្រាយជាមួយបុគ្គលដែលទទួលខុសត្រូវ»។
លោក Trump មានគម្រោងបញ្ជូនបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ទៅពិភាក្សាជាមួយលោក Abbas Araghchi នៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយអ្នកទាំង២ នឹងចេញដំណើរនៅព្រឹកថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា សារព័ត៌មាន Reuters បានរាយការណ៍មុននេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីសំណើ សម្រាប់ការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញជាមួយសហរដ្ឋអាមេរិក៕