ទោះបីក្រុមជើងឯក ត្រូវបានរកឃើញ តែការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នៅតែមានកម្រិតខ្ពស់ ជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសជំនួបរវាងបេក្ខភាព Top-6 ស្របពេលនៅសល់ ៣សប្ដាហ៍ទៀតនឹងត្រូវបញ្ចប់រដូវកាល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលទ្ធផលការសន្សំពិន្ទុ សប្ដាហ៍ទី១៩ នៃដំណាក់កាលទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុម អឹមអាយអាយ កំពង់ដេវ៉ា បានយកឈ្នះភ្នំពេញក្រោន ១-០ គ្រាដែលបឹងកេត ចាញ់អង្គរថាយហ្គឺរ ២-០ និងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង វាយបកស្មើណាហ្គាវើលដ៍ ១-១ នៅចុងម៉ោង។
សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានវិសាខា កីឡាករ សាន គឹមហេង បានរកគ្រាប់បាល់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា តាំងពីនាទីទី២០ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីភ្នំពេញក្រោន បានព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេរបូត ៣ពិន្ទុដ៏សំខាន់ ដើម្បីការពារតំណែងលេខ២ របស់ខ្លួន។
ចំណែក្រុមបឹងកេត ដែលជាបេក្ខភាពទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មី បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ។ ២គ្រាប់ ដែលជួយឲ្យក្រុមខ្លាទឹកក្រូច បង្កើតគម្លាត ៣ពិន្ទុពីបឹងកេត រកបានដោយកីឡាករ ទាំ មករា នៅនាទី៦០ និងកីឡាករ Mijland Guytho នៅនាទី៨៩។
ដោយឡែកជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុ ក្រោយវាយបកស្មើក្រុមណាហ្គាវើលដ៏ ១-១ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ នៅនាទី១៥ ដែលរកបានដោយកីឡាករ Weyderson រហូតដល់នាទី៨៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ផ្នែកលើលទ្ធផលនេះ បានធ្វើឲ្យលីគកំពូលកម្ពុជា នាចុងរដូវកាល កាន់តែរន្ថើន និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតចំណាត់ថ្នាក់លេខ២ ក្នុងលីគ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ ពិសេសក្រុមដែលជាប់អាជ្ញាបណ្ឌក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីតែម្ដង។
គិតត្រឹមសប្ដាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង មាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៥០ពិន្ទុ នាំមុខគូ ៣ពិន្ទុប៉ុណ្ណោះ លើក្រុមលេខ៣ អង្គរថាយហ្គឺរ ដែលមាន ៤៧ពិន្ទុ។ រីឯបឹងកេត រក្សាកៅអីលេខ៤ មាន ៤៤ពិន្ទុ លើណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា