មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានបដិសេធការចរចាផ្ទាល់ដែលបានគ្រោងទុករបស់លីបង់ ជាមួយអ៊ីស្រាអែល ដោយចាត់ទុកថា ជា «ទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ» ដែលនឹងធ្វើឲ្យលីបង់មិនមានស្ថិរភាព។
លោក Qassem បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល ហើយអ្នកដែលមានអំណាច គួរតែដឹងថា សកម្មភាពរបស់ពួកគេ នឹងមិនបានផ្តល់ផលប្រយោជន៍ដល់លីបង់ ឬខ្លួនឯងឡើយ» ដោយអំពាវនាវឲ្យអាជ្ញាធរ «ដកខ្លួនចេញពីទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងររបស់ពួកគេ ដែលកំពុងធ្វើឲ្យលីបង់ស្ថិតក្នុងស្ថានភាពអស្ថិរភាព»។
លោកបានបន្ថែមថា «ការចរចាផ្ទាល់ទាំងនេះ និងលទ្ធផលរបស់វា គឺដូចជាមិនមានន័យអ្វីសម្រាប់ពួកយើងឡើយ ហើយលទ្ធផលទាំងនេះ មិនធ្វើឲ្យយើងមានក្ដីបារម្ភសូម្បីតែបន្តិច។ យើងនឹងបន្តការតស៊ូការពាររបស់យើង សម្រាប់លីបង់ និងប្រជាជនរបស់ប្រទេសនេះ»។
លោកបានបន្ថែមថា៖ «មិនថា សត្រូវគំរាមកំហែងយ៉ាងណាក៏ដោយ ក៏យើងនឹងមិនដកថយនោះដែរ យើងនឹងមិនចុះញ៉មជាដាច់ខាត ហើយយើងនឹងមិនចាញ់ឡើយ»៕

