ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ និងអង្គភាពធីម៉ាក់ បន្តកិច្ចសហការគ្នាក្នុងការបោសសម្អាតតំបន់គ្រាប់មីននៅតាមបណ្តោយតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមហ្វេសប៊ុករបស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ការប្ដេជ្ញាបន្តកិច្ចសហការបោសសម្អាតគ្រាប់មីនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីនេះ អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពប្រគល់ជូន ក្នុងនោះមានកិច្ចព្រមព្រៀងដែលមានការដឹកនាំដោយគណ:កម្មាធិការព្រំដែនទូទៅ ហៅកាត់(GBC) ដែលមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង២ជាប្រធានព្រមទាំងគណ:កម្មការព្រំដែនរួម ហៅកាត់(JBC) ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ ជាប្រធាន។ អង្គភាពស៊ីម៉ាក់នឹងអនុវត្តតាមនីតិវិធីផ្ទៃក្នុងនៅកម្ពុជា ដើម្បីគាំទ្រស្មារតីកិច្ចសហប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានជោគជ័យ។
ការប្ដេជ្ញាបន្តកិច្ចសហការបោសសម្អាតគ្រាប់មីនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ក្នុងជំនួបរវាងឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាមួយលោកវរសេនីយ៍ឯក SUKIT KHAMTIT អគ្គនាយករង នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ ហៅកាត់(TMAC)៕
ដោយ៖ គង់ ឌិន