សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាកែប្រែច្បាប់ពាក់ព័ន្ធនឹងការពិន័យផ្អាកកីឡាករ ដោយសារកាតលឿងសរុប សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ ខណៈដែលទម្រង់ការប្រកួតថ្មីមានការពង្រីកចំនួនក្រុមចូលរួម។
តាមព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា FIFA មានគម្រោងបន្ថែមដំណាក់កាលលុបកាតលឿង មួយទៀត ដោយលុបកាតទាំងអស់ក្រោយបញ្ចប់វគ្គជម្រុះតាមពូល ក៏ដូចជាក្រោយវគ្គ ៨ ក្រុមចុងក្រោយ។
ក្រោមច្បាប់បច្ចុប្បន្ន ក្រុមមួយត្រូវលេងប្រមាណ ៥ ប្រកួត ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយកីឡាករណាដែលទទួលបានកាតលឿង ២ ដងក្នុងអំឡុងពេលនោះ នឹងត្រូវផ្អាកការប្រកួតមួយ។ ទោះយ៉ាងណា World Cup ឆ្នាំនេះដែលមានការកែប្រែទម្រង់ថ្មីមាន ៤៨ ក្រុមចូលរួមនោះ ការប្រកួតបានកើនឡើងដោយមានវគ្គ ៣២ ក្រុមចុងក្រោយមួយទៀត។
FIFA មានការព្រួយបារម្ភថា ប្រសិនបើគ្មានការកែប្រែច្បាប់ កីឡាករច្រើននឹងត្រូវប្រឈមមុខនឹងហានិភ័យផ្អាកហើយអាចខកខានការប្រកួតសំខាន់ៗ ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការដាក់បន្ថែមដំណាក់កាលលុបកាតពីរដងនេះ ត្រូវបានគេចាត់ទុកថា មានភាពយុត្តិធម៌ជាង និងអាចកាត់បន្ថយការបាត់បង់កីឡាករសំខាន់ៗក្នុងវគ្គសំខាន់ៗ។
បើតាមសំណើថ្មី កម្រិតកាតលឿង ២ ដងសម្រាប់ការផ្អាកនៅតែរក្សាទុកដដែល ប៉ុន្តែការកំណត់ពេលលុបកាតនឹងធ្វើឲ្យមានតែពីរដំណាក់កាលសំខាន់ៗប៉ុណ្ណោះ ដែលកីឡាករអាចប្រឈមនឹងការផ្អាក។
នោះមានន័យថា កីឡាករត្រូវទទួលកាតលឿងក្នុង ២ ប្រកួតក្នុងចំណោម ៣ ប្រកួតវគ្គពូល ឬក្នុងវគ្គ ៣២ ក្រុមចុងក្រោយ, ១៦ ក្រុមចុងក្រោយ និងវគ្គ ៨ ក្រុមចុងក្រោយ មុនឈានដល់ការផ្អាក៕ អត្ថបទ៖នាង សុភាវុធ

