អ៊ុយក្រែន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stéphane Dujarric បាននិយាយថា ការវាយប្រហារលើស្ថានីយរថភ្លើង Kramatorsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបានបណ្ដាលឲ្យជនស៊ីវិលស្លាប់ និងរងរបួសច្រើននាក់ ខណៈកំពុងរង់ចាំការជម្លៀស និងការគេចចេញពីការវាយប្រហារផ្សេងទៀត រួមទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺមិនអាចទទួលយកបានទេ។

លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការបាននិយាយថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅអ៊ុយក្រែនកាលពីថ្ងៃសុក្រ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ និងសិទ្ធមនុស្សអន្តរជាតិ ដែលអ្នកប្រព្រឹត្តត្រូវតែទទួលខុសត្រូវ។ លោកអគ្គលេខាធិការបានរំលឹកដល់ភាគីទាំងអស់ អំពីកាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល និងព្រមព្រៀងបន្ទាន់លើបទឈប់បាញ់មនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសដោយសុវត្ថិភាព និងដំណើរការមនុស្សធម៌ជួយដល់ប្រជាជនដែលជាប់គាំងនៅក្នុងជម្លោះ។ លោក Stéphane Dujarric បាននិយាយថា លោកអគ្គលេខាធិការសូមអំពាវនាវជាថ្មីដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះជាបន្ទាន់៕

អត្ថបទ៖ ប៊ុនថន