ប៉ាគីស្ថាន បានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងរបស់រដ្ឋាភិបាលតាលីបង់ថា ទីក្រុងអ៊ីស្លាម៉ាបាដ បានបើកការវាយប្រហារដោយរ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់លើខេត្ត Kunar របស់អាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្ស ៧នាក់ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម រដ្ឋាភិបាលប៉ាគីស្ថាន បានចាត់ទុកសេចក្តីរាយការណ៍នេះថា ជាការឃោសនាឥតឈប់ឈរ ។
រូបភាពវីដេអូឃ្លីបដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារ ឃើញកម្ទេចកម្ទីរាយប៉ាយពាសពេញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាមនុស្សរងរបួសនៅក្នុងមន្ទីរពេទ្យ ។
លោក Hamdullah Fitrat គឺជាអ្នកនាំពាក្យក្រុមតាលីបង់ និយាយថា និស្សិត ស្រ្តី និងកុមារប្រហែល ៣០នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស ដោយសារការវាយប្រហារនេះ ដែលមានគោលដៅលើផ្ទះសម្បែងប្រជាពលរដ្ឋ និងសាកលវិទ្យាល័យ Syed Jamaluddin Afghani ស្ថិតក្នុងទីក្រុង Asadabad របស់ខេត្ត Kunar ។
លោក Meer Zaman គឺជាពលរដ្ឋមួយរូបរស់នៅក្នុងខេត្ត Kunar និយាយថា សំណើរបស់លោកទៅកាន់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាល គឺសូមមេត្តាដោះស្រាយបញ្ហារបស់ពួកគេជាមួយប៉ាគីស្ថាន ពីព្រោះថាជីវិតរបស់ពួកយើង ពិតជាប្រឈមហានិភ័យខ្លាំងណាស់ ៕

