យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានឲ្យជម្លៀសចេញជាបន្ទាន់ សម្រាប់ប្រជាជននៅក្នុងភូមិ និងទីប្រជុំជនជាង ១០កន្លែង នៅភាគខាងត្បូងនៃប្រទេសលីបង់ ហើយឲ្យធ្វើដំណើរឆ្ពោះទៅទិសខាងជើង ដោយបញ្ជាក់ថា ខ្លួននឹងឆ្លើយតបទៅនឹង «ការរំលោភលើបទឈប់បាញ់» របស់ក្រុមហេសបូឡា នៅទីនោះ។
អ្នកនាំពាក្យភាសាអារ៉ាប់ លោក Avichay Adraee បានបង្ហោះនៅលើបណ្ដាញសង្គម X ថា យោធា «មិនមានបំណងបង្កគ្រោះថ្នាក់ដល់អ្នកទេ ហើយដោយសារការក្ដីបារម្ភ អំពីសុវត្ថិភាពរបស់អ្នក អ្នកត្រូវបានតម្រូវឲ្យជម្លៀសចេញពីផ្ទះរសម្បែងបស់អ្នកជាបន្ទាន់ ហើយផ្លាស់ចេញពីតំបន់ជាក់លាក់មួយ ឆ្ពោះទៅកាន់តំបន់ Sidon»។
លោកបានបន្ថែមថា «អ្នកណាដែលមានវត្តមាននៅជិតអង្គភាពរបស់ក្រុមហេសបូឡា ទីតាំង ឬអាវុធរបស់ពួកគេ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់»។
តំបន់ទាំងអស់ដែលត្រូវបានលើកឡើង ហាក់ដូចជានៅខាងក្រៅ ឬនៅលើព្រំដែននៃអ្វីដែលហៅថា «ខ្សែព្រំដែនពណ៌លឿង» ជាដែនដីដ៏តូចរបស់លីបង់ដែលមានប្រវែងប្រហែល ១០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនដែលកងទ័ពអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ។
អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចោទគ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងប្រទេសលីបង់ ដែលបានព្រមព្រៀងគ្នាកាលពីដើមខែនេះ ហើយការវាយប្រហារដោយភាគីទាំង២ នៅតែបន្តមាន៕