រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ទីក្រុងគីវ បានប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់ ដើម្បីបាញ់ទម្លាក់យានដ្រូនរុស្ស៊ីជាង ៣៣.០០០គ្រឿងនៃប្រភេទផ្សេងៗគ្នា ក្នុងខែមីនា ដែលជាតួលេខប្រចាំខែខ្ពស់បំផុត ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ៤ឆ្នាំ កន្លងមកនេះ។
ទន្ទឹមនឹងនេះ យានដ្រូនវាយប្រហារចម្ងាយឆ្ងាយដែលផលិតក្នុងស្រុករបស់អ៊ុយក្រែន បានវាយប្រហារ រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៊ី នៅសមុទ្រខ្មៅជាលើកទី ៣ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដែលជំរុញឲ្យមានការជម្លៀសប្រជាជនក្នុងតំបន់ និងការព្រមានរបស់រុស្ស៊ីអំពី «ផលវិបាកផ្នែក បរិស្ថាន» ដែលអាចកើតមាន។

អ៊ុយក្រែនបានបង្កើតបច្ចេកវិទ្យាយានដ្រូនដ៏ទំនើប និងបានធ្វើតេស្តនៅក្នុងសមរភូមិ ដែលបានបង្ហាញថាមានសារៈសំខាន់ក្នុងការវាយបកលើកងទ័ពដ៏ច្រើនរបស់រុស្ស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍ពីយោធានៅជុំវិញពិភពលោក។
យោងតាមមន្ត្រីអ៊ុយក្រែន យានដ្រូនស្ទាក់ចាប់ជាផ្នែកមួយនៃប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយ ឥឡូវនេះ កំពុងត្រូវបានស្វែងរកដោយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ អំឡុងពេលសង្គ្រាមអ៊ីរ៉ង់៕
