ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យអ៊ីរ៉ង់ «ឆាប់សម្រេចដោយភាពវៃឆ្លាត» ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយប្រកាសថា «ជនចិត្តសប្បុរសលែងមានទៀតហើយ!»។

លោក Trump បានបង្ហោះសារនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា «អ៊ីរ៉ង់មិនអាចចាត់វិធានការរបស់ពួកគេដោយមានការឯកភាពគ្នាឡើយ។ ពួកគេមិនដឹងពីរបៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនមែននុយក្លេអ៊ែរយ៉ាងដូចម្ដេចឡើយ។ ពួកគេគួរតែឆាប់បង្ហាញភាពឆ្លាតវៃបន្តិចទៅ»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ការបង្ហោះនេះ រួមមានរូបភាពរបស់ប្រធានាធិបតីអាមេរិកស្លៀកឈុតខ្មៅ និងវ៉ែនតាខ្មៅ ខណៈដែលកាន់អាវុធ ដោយមានការផ្ទុះ នៅក្នុងរូបភាពនៃទិដ្ឋភាពរបស់ប្រទេសអ៊ីរ៉ង់ នៅពីខាងក្រោយរូបលោក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលថ្ងៃពីទី២៨ ខែកុម្ភៈ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារ លើអ្វីដែលខ្លួនពិពណ៌នាថា ជាធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់ ដែលភាគច្រើននៅក្នុងបណ្ដាប្រទេសឈូងសមុទ្រ។
មេដឹកនាំអាមេរិករូបនេះបានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថា លោកទំនងជាមិនទទួលយកនោះទេ សម្រាប់សំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីទីក្រុងតេអេរ៉ង់បានស្នើផែនការ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលទុកបញ្ហា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់ការចរចានៅពេលក្រោយ៕
