ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា ប្រទេសនានានៅអឺរ៉ុប នឹងបន្តទំនាក់ទំនងជាមួយរុស្ស៊ីជាមិនខាន ដោយកត់សម្គាល់ថា ការពិភាក្សានៅតែបន្តនៅអឺរ៉ុបអំពីពេលវេលា និងទម្រង់នៃការសន្ទនា ដែលអាចធ្វើទៅបាន។

លោកបាននិយាយនៅលើស្ថានីយទូរទស្សន៍ និងវិទ្យុជាតិអេស្តូនី ERRថា៖«នៅក្នុងការពិភាក្សានៅក្នុង ស ម្ព័ន្ធភាពនៃឆន្ទៈ ឬកន្លែងផ្សេងទៀត យើងតែងតែលើកឡើងពីអ្នកណា ពេលណា កន្លែងណា និងរបៀបនៃការទំនាក់ទំនងជាមួយរុស្ស៊ី។ ឥឡូវនេះ ពីទស្សនៈរបស់អឺរ៉ុប យើងបានផ្ទេរតួនាទីនេះទៅឲ្យសហរដ្ឋអាមេរិក ហើយដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ការសន្ទនានេះឥឡូវនេះ ត្រូវបានពន្យារពេល។ ដូច្នេះ ខ្ញុំយល់ស្របទាំងស្រុងជាមួយប្រធានាធិបតីនៃប្រទេសអេស្តូនី លោក Alar Karis ថា ពេលវេលា នឹងមកដល់ ដែលយើងនឹងត្រូវបើកបណ្តាញទំនាក់ទំនងជាមួយរុស្ស៊ី។ សំណួរតែមួយគត់ គឺពេលណា»។
យោងតាមលោក Stubb សំណួរសំខាន់ នៅតែមានថាតើនឹងមានការបន្តការសន្ទនាជាមួយទីក្រុងមូស្គូមុនពេលបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឬបន្ទាប់ពីនោះ។ លោកបានបន្ថែមថា រុស្ស៊ី «នឹងបន្តធ្វើជាប្រទេសជិតខាងរបស់ប្រទេសហ្វាំងឡង់ និងអេស្តូនី» ហើយបានសម្តែងការសង្ស័យថា អង្គការណាតូ នឹងត្រូវងាកទៅរកមាត្រា ៥ នៃធម្មនុញ្ញរបស់ខ្លួនស្តីពីការការពាររួម៕
