តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍៣០មេសាសប្ដាហ៍នេះ ក្រោយមានរបាយការណ៍ថាសហរដ្ឋអាមេរិក កំពុងត្រៀមបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់បន្ថែមទៀត និងដោយសារក្តីបារម្ភថាការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងសំខាន់នៅមជ្ឈិមបូព៌ានឹងនៅតែស្ថិតក្នុងស្ថានភាពជាប់គាំងយូរជាងមុន ខណៈការចរចាបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានជាប់គាំង។

តម្លៃប្រេងឆៅ Brent បានហក់ឡើង ៤,៥% ឡើងដល់១២៣,៣០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។
តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង២,៣% ដល់តម្លៃប្រហែល១០៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។
មន្ត្រីសេតវិមានមួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយជាមួយក្រុមហ៊ុនប្រេងអំពីរបៀបកាត់បន្ថយផលប៉ះពាល់នៃការបិទផ្លូវកំពង់ផែអ៊ីរ៉ង់រយៈពេលជាច្រើនខែទៀត ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីផ្សារអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។
លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការរំពឹងទុកសម្រាប់ដំណោះស្រាយរយៈពេលខ្លីណាមួយចំពោះជម្លោះអ៊ីរ៉ង់ ឬការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅតែមិនច្បាស់លាស់។
កិច្ចប្រជុំជាមួយក្រុមហ៊ុនប្រេងខាងលើបានកើតឡើងបន្ទាប់ពីភាពជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានអ្វីដែលក្រុមអ្នកវិភាគនិយាយថាជាការរំខានផ្នែកថាមពលដ៏ធំបំផុតរបស់ពិភពលោក ៕

