ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធ២៩ មេសាសប្ដាហ៍នេះ ថាការចរចារបស់អ៊ីរ៉ង់កំពុងត្រូវបានធ្វើឡើងតាមទូរស័ព្ទបន្ទាប់ពីលោកបានលុបចោលដំណើរកាលពីចុងសប្តាហ៍មុនសម្រាប់ក្រុមអ្នកចរចាអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីនិយាយជាមួយមន្ត្រីទីក្រុងតេអេរ៉ង់។

លោក Trump បាននិយាយថាអ៊ីរ៉ង់រក្សាបានត្រឹមតែ "ភាគរយតិចតួច" នៃរោងចក្រផលិតមីស៊ីលរបស់ខ្លួនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ហើយបានព្រមានទីក្រុងតេអេរ៉ង់ថានឹងត្រូវបោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរណាមួយដើម្បីធានាបានកិច្ចព្រមព្រៀងមួយ។ លោក Trump បានបន្ថែមថា នោះជាអ្វីទាំងអស់ដែលពួកគេត្រូវធ្វើ។ពួកគេ "គ្រាន់តែនិយាយថាយើងសុខចិត្តបោះបង់ចោលបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរទៅបានហើយ"។

អ៊ីរ៉ង់បានប្ដេជ្ញាថានឹងបន្តរំខានចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រHormuz ដរាបណាខ្លួនត្រូវបានគំរាមកំហែង ដែលអាចមានន័យថាមានការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាកាន់តែច្រើនពីជម្លោះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានភាពចលាចលសេដ្ឋកិច្ចពិភពលោក។

ទីក្រុងតេអេរ៉ង់បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះផងដែរ អំពីសកម្មភាពយោធាមិនធ្លាប់មាន ប្រឆាំងនឹងការបន្តបិទផ្លូវនាវាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ខណៈទីក្រុងតេអេរ៉ង់និយាយថា មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនគឺក្នុងគោលដៅសន្តិភាពតែប៉ុណ្ណោះ។
ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិករូបនេះក៏បានបញ្ជាក់ផងដែរថា ផ្លូវចូលកំពុងផែរបស់អ៊ីរ៉ង់នៅតែបន្តបិទ រហូតទាល់តែមានកិច្ចព្រមព្រៀមនុយក្លេអ៊ែរ៕