អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារលើមណ្ឌលថែទាំសុខភាព និងបុគ្គលិក កំពុងកើនឡើងទូទាំងពិភពលោក ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីជម្លោះថ្មីៗនេះនៅមជ្ឈិមបូព៌ា បានចាប់ផ្តើម។

មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ការវាយប្រហារទូទាំងពិភពលោកលើមណ្ឌល និងបុគ្គលិកបែបនេះ មានជាមធ្យមប្រហែល ៣,៧ លើក ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះវាបានកើនឡើងដល់ ៤,៣ លើក។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

លោក Altaf Musani ប្រធានផ្នែកអន្តរាគមន៍សុខភាពបន្ទាន់នៅអង្គការសុខភាពពិភពលោក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«នេះបង្ហាញយ៉ាងច្បាស់ថា ការថែទាំសុខភាព គឺជាគោលដៅនៃការវាយប្រហារ»។
ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងលើមន្ទីរពេទ្យ និងគ្លីនិក ក៏ដូចជាការចាប់ខ្លួន និងការបំភិតបំភ័យបុគ្គលិកថែទាំសុខភាពជាដើម៕