ប្រភពពីអង្គការអឌ្ឍចន្ទក្រហមលីប៊ី និងសន្តិសុខលីប៊ី បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ១៧នាក់ បានស្លាប់ និង ៩ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ មិនដំណើរការនិងអណ្តែតអស់រយៈពេល ៨ថ្ងៃ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។

អង្គការអឌ្ឍចន្ទក្រហម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្ម័គ្រចិត្តសហការជាមួយកងកម្លាំងកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រនៃកងទ័ពជាតិលីប៊ី បានជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៧ នាក់ ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ នៅក្រៅទីក្រុង Tobruk ភាគខាងកើតប្រទេសនេះ ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

លីប៊ីគឺជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដែលប្រថុយជីវិតរបស់ពួកគេ ដើម្បីរត់គេចខ្លួនទៅកាន់អឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថា នឹងគេចផុតពីជម្លោះ និងភាពក្រីក្រ។
ប្រភពពីសន្តិសុខបាននិយាយថា ពួកគេរំពឹងថា សាកសពរបស់ជនអន្តោប្រវេសន៍ ដែលបាត់ខ្លួនចំនួន ៩ នាក់នឹងអណ្តែតមកដល់ច្រាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ រូបភាពដែលបានបង្ហោះនៅលើអ៊ីនធឺ ណិតដោយអង្គការអឌ្ឍចន្ទក្រហម បានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តដាក់សាកសពនៅក្នុងថង់ប្លាស្ទិក ហើយដាក់វាចូលទៅក្នុងរថយន្តភីកអាប់៕