អាស៊ាននៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញពីអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ លោក លឹម សុវណ្ណារិទ្ធ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា អាស៊ាននៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ផងដែរដោយសារតែអាស៊ាន គឺជាយន្តការតំបន់មួយដ៏លេចធ្លោនៅក្នុងពេលបច្ចុប្បន្ននេះបន្ទាប់ពីអឺរ៉ុប។
លោកបានបញ្ជាក់ថា អាស៊ាន គឺជាតំបន់សមាហរកម្មមួយដ៏សំខាន់ ហើយទាក់ទាញនូវមហាអំណាចសំខាន់ៗរបស់ពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងចិន ដែលបានចូលរួមជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ ក៏ប្រហែលជាការយកចិត្តទុកដាក់របស់មហាអំណាចពិភពលោកនៅមានកម្រិតមួយទាបជាងបច្ចុប្បន្នដែរ។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅប្រទេសវៀតណាម។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយដែលមានសមាជិក១១ប្រទេស។ មូលហេតុដែលប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាន ដោយមូលហេតុសំខាន់ៗដូចជា៖ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តតាមបែបកុងសង់ស៊ីស ផលប្រយោជន៍ពីសមាហរណកម្មសេដ្ឋកិច្ច និងការពង្រីកច្រកទ្វារការទូត៕ អត្ថបទ៖ ទូច សោភ័ណ

