ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអូតាវ៉ា លោក Oleg Stepanov បានប្រាប់សារព័ត៌មាន TASS ថា កាណាដាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សារបបទីក្រុងគីវឲ្យនៅរស់តទៅទៀត ប៉ុន្តែការធ្វើបែបនេះនេះ នឹងមិនជួយដល់ទីក្រុងនេះទេ។

លោកបានថ្លែងថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលអំពីរឿងនោះទេ» ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ សារព័ត៌មាន The Globe and Mail ដែលថា ក្រុមហ៊ុនកាណាដា Sentinel កំពុងសម្លឹងមើលការរៀបចំការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ ដើម្បីផលិតយានដ្រូនសម្រាប់អ៊ុយក្រែន នៅក្នុងប្រទេសកាណាដា។

អ្នកការទូតរូបនេះបានកត់សម្គាល់ថា៖«ប្រទេសកាណាដាបន្តធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីរក្សារបបដែលមិនអាចរស់រានមានជីវិត និងមិនមានប្រជាប្រិយភាពនៅក្នុងទីក្រុងគីវឲ្យមានលទ្ធភាពនៅ រស់តទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ការបន្តការគាំទ្របែបនេះ នឹងមិនជួយដល់របបនេះទេ។ ប៉ុន្តែវាពិតជានឹងធ្វើឲ្យប្រាក់បន្ថែមទៀតហូរចេញពីហោប៉ៅរបស់អ្នកជាប់ពន្ធកាណាដា»។
កាសែត The Globe and Mail បានរាយការណ៍នាពេលមុននេះថា ក្រសួងការពារជាតិកាណាដា និងអ៊ុយក្រែន កំពុងចូលរួមក្នុងការចរចាលើការផលិតយានដ្រូនសម្រាប់ទីក្រុងគីវ។ គេរំពឹងថា រដ្ឋាភិបាលកាណាដា នឹងទិញយានដ្រូនទាំងនេះ ដើម្បីផ្ទេរវាទៅឲ្យកងទ័ពអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានរំលឹកថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន ទីក្រុងអូតាវ៉ាបានផ្តល់ជំនួយយោធាដល់ទីក្រុងគីវ ដែលមានតម្លៃ ៦,៥ ពាន់លានដុល្លារ៕