ក្រុមអ្នករៀបចំកងនាវាមនុស្សធម៌ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលបានស្ទាក់ចាប់នាវាជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា នៅក្នុងដែនទឹកអន្តរជាតិ ក្បែរប្រទេសក្រិក ដោយថ្កោលទោសចំណាត់ការនេះ និងចាត់ទុកថា ជា «ការកើនឡើងនូវនិទណ្ឌភាពរបស់អ៊ីស្រាអែល»។

កងនាវាទី២ ដែលដឹកជំនួយមនុស្សធម៌ទៅផ្ដល់ឲ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កហ្សា បានចេញដំណើរពីកំពង់ផែទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១២ ខែមេសា ដោយមានបំណងព្យាយាមទម្លុះការបិទខ្ទប់របស់អ៊ីស្រាអែល។ ក្រុមអ្នករៀបចំកងនាវាជំនួយ Global Sumud Flotilla បាននិយាយថា នាវាទាំងនោះត្រូវបានអ៊ីស្រាអែលរឹបអូស នៅចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់ហ្កាហ្សា។
ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាទង្វើចោរសមុទ្រ។ នេះគឺជាការចាប់ខ្លួនមនុស្សដោយខុសច្បាប់ នៅលើដែនទឹកអន្តរជាតិ ក្បែរ (កោះរបស់ក្រិក) Crete ដែលជាការអះអាងថា អ៊ីស្រាអែលអាចធ្វើប្រតិបត្តិការដោយគ្មានទោសពៃរ៍អ្វីទាំងអស់ ហួសពីព្រំដែនរបស់ខ្លួន ពោលគឺមិនមានផលវិបាកអ្វីឡើយ»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា គ្មានរដ្ឋណាមួយមានសិទ្ធិទាមទារ ត្រួតពិនិត្យ ឬកាន់កាប់ដែនទឹកអន្តរជាតិនោះទេ ប៉ុន្តែអ៊ីស្រាអែលបានធ្វើដូច្នោះ ដោយពង្រីកការគ្រប់គ្រង ហួសពីព្រំដែនរបស់ខ្លួន ដើម្បីកាន់កាប់សមុទ្រមេឌីទែរ៉ាណេ នៅឆ្នេរសមុទ្រអឺរ៉ុប។
តែលោក Danny Danon បេសកជនរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា កងនាវានេះ «ត្រូវបានបញ្ឈប់មុនពេលទៅដល់តំបន់របស់យើង»៕
