រដ្ឋមន្រ្តីការពារជាតិអ៊ីតាលីលោក Guido Crosetto មាននូវជំនួបទ្វេភាគីជាមួយសមភាគីឥណ្ឌាលោក Rajnath Singh នៅក្នុងទីក្រុងញូវដែលីនាថ្ងៃព្រហស្បតិ៍នេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា ។
ក្រសួងការពារជាតិឥណ្ឌានិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ជំនួបមួយនេះ បានធ្វើឡើង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការការពារជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខក្នុងតំបន់ និងលើសកលលោក ។

រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី បានដាក់កម្រងផ្កាលើបូជនីយដ្ឋានសង្រ្គាមជាតិ ហើយត្រូវបានអមដំណើរដោយឆ្មាំកិត្តិយស ។
លោក Singh បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ពួកគេបានពិភាក្សាផងដែរលើជម្លោះនៅអាស៊ីខាងលិច ហើយនិងផ្លាស់ប្តូរផែនការសហប្រតិបត្តិការយោធា ដើម្បីបង្កើនការចូលរួមរវាងកងកម្លាំងប្រដាប់អាវុធប្រទេសទាំង ២ ៕
