ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការបន្តរំលោភបំពានបទឈប់បាញ់របស់អ៊ីស្រាអែល ដោយអំពាវនាវឲ្យមានសម្ពាធអន្តរជាតិលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងគ្រូពេទ្យសង្គ្រោះបន្ទាន់។
លោក Aoun បានរិះគន់ «ការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែល» នៅភាគខាងត្បូងលីបង់ ដោយនិយាយថា ការរំលោភបំពានទាំងនោះ កំពុងកើតឡើង ដូចជាការរុះរើផ្ទះសម្បែង និងកន្លែងគោរពបូជាផងដែរ ខណៈដែលចំនួនអ្នកស្លាប់ និងរបួស កើនឡើងជារៀងរាល់ថ្ងៃ» ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ត្រូវតែមានសម្ពាធលើអ៊ីស្រាអែល ដើម្បីធានាថា ប្រទេសនេះ គោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ និងឈប់កំណត់គោលដៅលើជនស៊ីវិល គ្រូពេទ្យសង្គ្រោះបន្ទាន់ ការពារជនស៊ីវិល និងអង្គការសុខភាព និងជំនួយមនុស្សធម៌» ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាជិតដល់ពេលកំណត់ពីរសប្តាហ៍ហើយនោះ៕

