សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានប្ដេជ្ញាថា នឹងជៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម និងជំរុញទៅមុខជាមួយនឹងគម្រោងចែករំលែកប្រេងឥន្ធនៈ ខណៈដែលតំបន់នេះកំពុងដោះស្រាយយ៉ាងលំបាកជាមួយការកើនឡើងនូវតម្លៃប្រេង និងការរំខានដល់ការផ្គត់ផ្គង់ ដោយសារសង្គ្រាមអ៊ីរ៉ង់។
នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque បានបញ្ជាក់ថា៖ «យើងនឹងបន្តធ្វើឲ្យពាណិជ្ជកម្មបើកចំហ និងអាចព្យាករណ៍បាន។
អាស៊ានបានយល់ព្រមជៀសវាងការមានវិធានការពាណិជ្ជកម្មតឹងរ៉ឹង ក្នុងនោះរួមទាំងការហាមឃាត់ការនាំចេញទំនិញសំខាន់ៗផងដែរ»។
លោកស្រី Roque បានបន្តថា «នៅក្នុងគ្រាមានភាពមិនប្រាកដប្រជានេះ ភាពអាចព្យាករណ៍បាន គឺជាស្ថិរភាព ហើយស្ថិរភាពចាប់ផ្តើមដោយការបន្តឲ្យទំនិញឆ្លងកាត់ព្រំដែន»។ ជាមួយគ្នានេះ លោកស្រីបានបន្ថែមទៀតថា អាស៊ានក៏កំពុងធ្វើការផងដែរ ដើម្បីជំរុញការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងមួយ ដែលអាចឲ្យមានការចែករំលែកប្រេងឥន្ធនៈសម្របសម្រួលមគ្នា ក្នុងអំឡុងពេលមានការរំខានដល់ការផ្គត់ផ្គង់។
ជាងនេះទៀត យោងតាមលោកស្រី Roque ដែលជាប្រធានកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់ ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា លើតំបន់នេះ បានឲ្យដឹងទៀតថា ប្លុកមានសមាជិកចំនួន ១១ប្រទេសនេះ នឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងជាមួយប្រទេសចិន កូរ៉េខាងត្បូង និងកាណាដាផងដែរ។
គួរបញ្ជាក់ថា សមាជិកអាស៊ាន បានជួបប្រទះនឹងតម្លៃប្រេងហក់ឡើង ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាមអ៊ីរ៉ង់ ដែលជំរុញឲ្យមានអតិផរណា នាំឲ្យថវិការដ្ឋាភិបាលជួបការលំបាក និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចថយចុះ៕