អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដែលអាចទុកចិត្តបាន» ស្របពេលមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញសង្គ្រាមអ៊ីរ៉ង់។
ក្នុងអំឡុងពេលទៅពិនិត្យមើលទីលានហ្វឹកហាត់កងទ័ពមួយកន្លែង នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ លោក Merz បានលើកឡើងថា៖ «នៅក្នុងគ្រាដ៏ច្របូកច្របល់នេះ យើងកំពុងដើរតាមត្រីវិស័យដ៏ច្បាស់លាស់មួយ។ ត្រីវិស័យនេះនៅតែតម្រង់ទិសឆ្ពោះទៅរកការរួបរួមគ្នារបស់អង្គការណាតូ (NATO) និងភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដែលអាចទុកចិត្តបាន»។
លោក Merz មិនបានឆ្លើយតបដោយផ្ទាល់ឡើយ ចំពោះការគំរាមកំហែងដែលធ្វើឡើងកាលពីថ្ងៃពុធដោយលោក Trump ក្នុងការដកកងទ័ពអាមេរិករាប់ម៉ឺននាក់ដែលឈរជើងនៅអាល្លឺម៉ង់។ ប៉ុន្តែលោកបាននិយាយថា ទីក្រុងប៊ែរឡាំង «មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងគួរឲ្យទុកចិត្តបាន ជាមួយដៃគូរបស់យើង រួមទាំង និងជាពិសេស នៅទីក្រុងវ៉ាស៊ីនតោន» ជុំវិញផលវិបាក ដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ា។
លោកបានបន្ថែមថា៖ «យើងកំពុងធ្វើបែបនេះ នៅក្នុងផលប្រយោជន៍ឆ្លងមហាសមុទ្រអាត្លង់ទិករួមរបស់យើង។ យើងកំពុងធ្វើវាដោយការគោរពគ្នាទៅវិញទៅមក និងការចែករំលែកបន្ទុកដោយយុត្តិធម៌។ ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកនេះ គឺជាប់នៅក្នុងចិត្តរបស់យើងជាពិសេស ទាំងចំពោះពួកយើងទាំងមូល និងចំពោះខ្លួនខ្ញុំផ្ទាល់ ដូចដែលអ្នកបានដឹងហើយ»។
គួរបញ្ជាក់ថា លោក Merz បានត្រូវបានលោក Trump ខឹងសម្បា បន្ទាប់ពីបាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ីរ៉ង់កំពុង «ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់» នៅតុចរចា៕