យោធាប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធនៅជិតតំបន់ថ្មប៉ប្រាស់ទឹក ស្កា ប រ៉ូ (Scarborough Shoal) នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

«ការល្បាតនេះ មានបំណងការពារដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិនយ៉ាងម៉ឺងម៉ាត់ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»។ កាលពីថ្ងៃព្រហស្បតិ៍ ឆ្មាំសមុទ្រចិនក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានអនុវត្ត «ការល្បាតអនុវត្តច្បាប់» នៅជិតតំបន់ថ្មប៉ប្រាស់ទឹក Scarborough ដែលជាចំណុចជម្លោះដ៏សំខាន់លើដែនអធិបតេយ្យភាព និងសិទ្ធិនេសាទ។

ការល្បាតទាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសមយុទ្ធតំបន់ប្រចាំឆ្នាំចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដោយប្រមូលផ្តុំកងកម្លាំងមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន កាណាដា និងប្រទេសបារាំង ដើម្បីបង្ហាញពីសមត្ថភាពអាវុធទំនើបៗ និងការត្រៀមខ្លួនធ្វើប្រតិបត្តិការ។
មន្ត្រីអាមេរិក និងហ្វីលីពីន បាននិយាយថា សមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាកៀកស្មា» មានប្រទេសចូលរួមច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងសមយុទ្ធ កងកម្លាំងទាំងនេះបានធ្វើលំហាត់សមសមយុទ្ធការពារឆ្នេរ និងបានសាកល្បងសមត្ថភាពដើម្បីធ្វើការរួមគ្នាការពារដែនទឹកជាមួយនឹងតាកទិក ដូចជាការទប់ទល់ទៅនឹងការវាយរុញច្រានក្លែងប្រដូចទៅនឹងការពិតដោយការបាញ់គ្រាប់ពិតទៅលើគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែងនានា។