ទីបញ្ជាការតំបន់របស់យោធាសហរដ្ឋអាមេរិកដែលទទួលខុសត្រូវសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ បាននិយាយថា នាវាកងទ័ពជើងទឹកអាមេរិកកំពុងដាក់បំពេញស្តុកបន្ថែម មាន «ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ជាច្រើនទៀត»។

ទីបញ្ជាការកណ្តាល បានចែករំលែករូបភាពនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីសម្ភារៈផ្គត់ផ្គង់កំពុងត្រូវបានផ្ទុកនៅលើនាវាពិឃាតបំពាក់ដោយមីស៊ីលស៊ីបគោលដៅ USS Delbert D Black ដែលត្រូវបានគេនិយាយថាកំពុងគាំទ្រដល់ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងតំបន់នោះ។
លោក Pete Hegseth ប្រមុខមន្ទីរបញ្ចកោណក្នុងសប្តាហ៍នេះ បាននិយាយទៅកាន់ព្រឹទ្ធសភាអាមេរិកថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យយោធាអាមេរិកខាតបង់ប្រហែល២៥ពាន់លានដុល្លារ រហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណា ការប៉ាន់ស្មានមួយចំនួនបានបង្ហាញថា ការចំណាយខ្ពស់ជាងនេះច្រើន។
