នគរបាលបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកតវ៉ារាប់រយនាក់ បានប៉ះទង្គិចជាមួយបុគ្គលិកសេវាសង្គ្រោះបន្ទាន់អូស្ត្រាលី នៅក្នុងទីប្រជុំជនដាច់ស្រយាលមួយ បន្ទាប់ពីមានការចោទប្រកាន់ពីបទឃាតកម្មលើក្មេងស្រីជនជាតិដើមភាគតិចអាយុ ៥ឆ្នាំ ម្នាក់។

ក្មេងស្រីនេះ ដែលឥឡូវនេះត្រូវបានក្រុមគ្រួសាររបស់ខ្លួនហៅថា Kumanjayi Little Baby ស្របតាមទំនៀមទម្លាប់ជនជាតិដើមភាគតិច ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនពីផ្ទះរបស់នាង នៅជាយក្រុង Alice Springs កាលពីយប់ថ្ងៃសៅរ៍។

សាកសពរបស់ក្មេងស្រីនេះ ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ដោយមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលកំពុងស្វែងរកនៅវាលខ្សាច់ដ៏លំបាកនៅជុំវិញទីប្រជុំជននេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងដែនដីភាគខាងជើងរបស់ប្រទេសអូស្ត្រាលី។
លោក Martin Dole ស្នងការនគរបាលដែនដីភាគខាងជើង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន ABC នៅថ្ងៃសុក្រនេះថា លោក Jefferson Lewis អាយុ ៤៧ឆ្នាំ ដែលនគរបាលចោទប្រកាន់ថា បានសម្លាប់ក្មេងស្រីនោះ ត្រូវបាននាំខ្លួនទៅឃុំខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានរកឃើញដោយអ្នកស្រុក និងត្រូវរងការវាយដំយ៉ាងធ្ងន់ធ្ងរ៕