ស៊ីហ្គេម៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ៤ប្រភេទកីឡាស្មើនឹង ២០នាក់រួមមានកីឡាតេក្វាន់ដូ WT, យូដូ, ប្រដាល់សកល និងកីឡាគុនដាវបានចេញទៅបោះជុំរុំហ្វឹកហាត់រយៈពេល ១ខែនៅសាធារណៈរដ្ឋកូរ៉េដើម្បីហ្វឹកហាត់ និងពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។
ក្រុមជម្រើសជាតិទាំង ៤ប្រភេទកីឡាបានចាកចេញពីមាតុភូមិកាលពីរាត្រីថ្ងៃទី០៩ ខែមេសា ដោយមានការជូនដំណឹងពីលោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំសហព័ន្ធសាមីទាំង ៤ប្រភេទកីឡាផងដែរ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា ការបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅសាធារណៈរដ្ឋកូរ៉េមានរយៈពេល ៣០ថ្ងៃចាប់ពីថ្ងៃទី០៩ ខែមេសាដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោយជំនួយរបស់សាកលវិទ្យាល័យកីឡាជាតិកូរ៉េ បន្ទាប់ពីសាកលវិទ្យាល័យនេះបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្មីៗ។
ទន្ទឹមជាមួយការជូនដំណឹងនោះដែរ លោក ម៉ិល កាដូ បានពាំនាំនូវពាក្យពេចន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ក្នុងការជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីសម្រួចសមត្ថភាពកីឡាកម្រិតខ្ពស់ឆ្ពោះទៅប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ក៏ដូចជាត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា