នាវា ១គ្រឿងដែលត្រូវបានសហរដ្ឋអាមេរិកស្ទាក់ចាប់ បន្ទាប់ពីព្យាយាមទម្លុះវិធានការបិទផ្លូវ ចំពោះកំពង់ផែអ៊ីរ៉ង់ ត្រូវបានផ្ទេរទៅប្រទេសប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅអ៊ីរ៉ង់ រួមជាមួយក្រុមនាវិករបស់នាវាផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) ដោយសំអាងដល់បញ្ជាការកណ្តាលអាមេរិក (CENTCOM)។
ទូរទស្សន៍ ABC News បានដកស្រង់សម្តីអ្នកនាំពាក្យ CENTCOM លោកអនុសេនីយ៍ឯក Tim Hawkins ដែលបាននិយាយថា៖ «ថ្ងៃនេះ កងកម្លាំងអាមេរិកបានបញ្ចប់ការផ្ទេរសមាជិកនាវិកចំនួន ២២នាក់នៃនាវា M/V Touska ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍»។
លោក Hawkins បានបន្ថែមថា អ្នកដំណើរចំនួន ៦នាក់ផ្សេងទៀតត្រូវបានផ្ទេរទៅកាន់ប្រទេស ក្នុងតំបន់ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ កាលពីសប្តាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មនុស្សទាំង ៦នាក់នោះ គឺជាសមាជិកគ្រួសាររបស់ក្រុមនាវិកមួយចំនួន។ CENTCOM មិនបានឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់នោះទេ។ ហើយអាជ្ញាធរប៉ាគីស្ថាន និងអ៊ីរ៉ង់ ក៏មិនទាន់បានបញ្ជាក់ពីសេចក្ដីរាយការណ៍នេះដែរ។
គួរបញ្ជាក់ថា កងកម្លាំងកងទ័ពជើងទឹកអាមេរិក បានរឹបអូសនាវា Touska កាលពីថ្ងៃទី១៩ ខែមេសា នៅក្នុងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថា មិនគោរពតាមការណែនាំនៃវិធានការបិទផ្លូវ៕

