នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសកល កំពុងបង្ក «ផលប៉ះពាល់យ៉ាងធំធេង» ទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អំឡុងពេលថ្លែងនៅទីក្រុង Canberra បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese លោកស្រី Takaichi បាននិយាយថា ប្រទេសទាំង២ នឹងឆ្លើយតបជាបន្ទាន់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព។
ប្រេងប្រហែល ១ភាគ៥របស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាកន្លែងដែលការដឹកជញ្ជូនត្រូវបានរារាំងដោយអ៊ីរ៉ង់ ចាប់តាំងពីខ្លួនត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា ៨០សិបភាគរយនៃការដឹកជញ្ជូនប្រេងនោះ ត្រូវបានកំណត់គោលដៅទៅកាន់តំបន់អាស៊ី។
មេដឹកនាំជប៉ុនរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព បានបង្កផលប៉ះពាល់យ៉ាងធំធេងដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងបានបញ្ជាក់ថា ប្រទេសជប៉ុន និងអូស្ត្រាលី នឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីឆ្លើយតបដោយភាពបន្ទាន់»។
លោកស្រី Takaichi បានបញ្ជាក់បន្ថែមថា ប្រទេសទាំង២ មានគោលបំណងពង្រឹងស្វ័យភាព និងភាពធន់ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព។
អូស្ត្រាលីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវធំជាងគេ សម្រាប់ជប៉ុនដែលត្រឡប់វិញ គឺជាប្រភពប្រេងម៉ាស៊ូតប្រហែល ៧ភាគរយរបស់អូស្ត្រាលី៕
