ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររងរបួស អំឡុងការបាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៅភាគខាងត្បូងនៃប្រទេសទួរគី កាលពីជាង ២សប្តាហ៍មុន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១០នាក់ហើយ។

ទូរទស្សន៍ឯកជន NTV បានរាយការណ៍ថា Almina Agaoglu បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ក្មេងអាយុ ១៤ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅសាលារៀនមួយ ក្នុងខេត្ត Kahramanmaras កាលពីថ្ងៃទី១៥ ខែមេសា ដោយបានសម្លាប់សិស្ស ៩នាក់ អាយុ ១០ និង ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់។ ក្មេងដែលជាជនដៃដល់បានស្លាប់នៅកន្លែងកើតហេតុតែម្ដង។
អាជ្ញាធរបានឲ្យដឹងថា ក្មេងប្រុសនោះ បានយកអាវុធចំនួន ៥ដើមមកសាលារៀន ហើយជាកូនប្រុសរបស់អតីតអធិការនគរបាលម្នាក់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ នៅថ្ងៃមុននោះ ក្នុងខេត្ត Sanliurfa ភាគអាគ្នេយ៍ អតីតសិស្សម្នាក់បានបើកការបាញ់ប្រហារនៅសាលាវិទ្យាល័យចាស់របស់ខ្លួន ដោយបណ្តាលឲ្យមនុស្ស ១៦នាក់រងរបួស មុនពេលសម្លាប់ខ្លួន នៅពេលប្រឈមជាមួយនគរបាល៕

