កងទ័ពជើងទឹកអ៊ីរ៉ង់បានរារាំងនាវាចម្បាំង «អាមេរិក-អ៊ីស្រាអែល» មិនឲ្យចូលទៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា មីស៊ីល ២គ្រាប់ បានវាយប្រហារនាវាចម្បាំងអាមេរិក ១គ្រឿង នៅជិតតំបន់ Jask នៅឈូងសមុទ្រអូម៉ង់ បន្ទាប់ពីនាវានោះមិនអើពើនឹងការព្រមានរបស់អ៊ីរ៉ង់។
តែអ្នកសារព័ត៌មានលោក Barak Ravid របស់សារព័ត៌មាន Axios បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបដិសេធថា នាវាអាមេរិកមិនរងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សេចក្ដីរាយការណ៍នេះបានដោយឯករាជ្យឡើយ ហើយក៏មិនមានការឆ្លើយតបភ្លាមៗនោះដែរពីសហរដ្ឋអាមេរិក។

អ៊ីរ៉ង់បានព្រមានកងកម្លាំងអាមេរិកនៅថ្ងៃចន្ទថា កុំឲ្យចូលទៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹង «នាំផ្លូវ» នាវាដែលជាប់នៅក្នុងឈូងសមុទ្រ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
លោក Trump បានផ្តល់សេចក្ដីលម្អិតតិចតួច អំពីផែនការ ដើម្បីជួយរំដោះនាវា និងក្រុមនាវិក ដែលត្រូវបានរាំងខ្ទប់ឲ្យជាប់នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ហើយកំពុងខ្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងទៀតជាង ២ខែ អំឡុងជម្លោះនេះ។
ជាការឆ្លើយតប បញ្ជាការបង្រួបបង្រួមរបស់អ៊ីរ៉ង់ បានប្រាប់នាវាពាណិជ្ជកម្ម និងនាវាដឹកប្រេងឲ្យចៀសវាងនូវការធ្វើនាវាចរណ៍ណាមួយដែលមិនត្រូវបានសម្របសម្រួលជាមួយយោធាអ៊ីរ៉ង់៕


