លោក Nickolay Mladenov បេសកជននាំមុខគេនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា គ្រោងនឹងបើកកិច្ចពិភាក្សា នៅថ្ងៃចន្ទ (ទី៤ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ស្តីពីស្ថានភាព នៅក្នុងដែនដីប៉ាឡេស្ទីន។
គេហទំព័រព័ត៌មាន The Times of Israel បានឲ្យដឹងថា ក្នុងអំឡុងពេលមានកិច្ចពិភាក្សា លោក Mladenov ត្រូវបានគេរំពឹងថា នឹងស្នើសុំឲ្យអ៊ីស្រាអែលបន្ធូរបន្ថយការរឹតបន្តឹង លើលំហូរនៃការផ្គត់ផ្គង់មនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានបិទខ្ទប់ និងកំណត់ប្រតិបត្តិការយោធារបស់ខ្លួន នៅទីនោះ។
ដំណើរទស្សនកិច្ចរបស់លោកទៅអ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីបេសកជនរូបនេះ បានជួបពិភាក្សាជាមួយក្រុមហាម៉ាស នៅប្រទេសអេហ្ស៊ីប ស្តីពីការអនុវត្តផែនការបទឈប់បាញ់ នៅតំបន់ហ្កាហ្សារបស់លោក Trump។
មិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្តល់ឲ្យនោះទេ ពាក់ព័ន្ធនឹងខ្លឹមសារនៃការពិភាក្សា រវាងភាគីទាំង២ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ការពិភាក្សារបស់លោក Mladenov ជាមួយក្រុមនេះ សម្រាប់ការរំសាយអាវុធ បានបរាជ័យ។
យោងតាមកាសែត The Times of Israel បានឲ្យដឹងបន្ថែមថា ក្រុមហាម៉ាសបានទទូចថា បញ្ហាអាវុធរបស់ខ្លួន អាចត្រូវបានដោះស្រាយ លុះត្រាតែជាផ្នែកមួយនៃក្របខ័ណ្ឌដែលឈានដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះ។ ក្រុមហាម៉ាសមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីការពិភាក្សាជាមួយលោក Mladenov ឬបង្ហាញមតិយោបល់ណាមួយឡើយ ជុំវិញរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនេះ៕