ប្រទេសអារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការគំរាមកំហែងដោយមីស៊ីល និងយានដ្រូន កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែឧសភា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានទប់ស្កាត់អគ្គិភ័យនៅតំបន់ឧស្សាហកម្មប្រេងដ៏សំខាន់មួយកន្លែង បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលអាជ្ញាធរបាននិយាយថាមានប្រភពមកពីអ៊ីរ៉ង់។

ក្រសួងការបរទេសរដ្ឋឈូងសមុទ្រអារ៉ាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានបង្ហាញពីការកើនឡើងជម្លោះយ៉ាងខ្លាំង និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ប្រទេស ហើយប្រទេសអារ៉ាប់រួម បានរក្សា «សិទ្ធិពេញលេញ និងស្របច្បាប់» របស់ខ្លួនក្នុងការឆ្លើយតប។

យោងតាមអង្គភាពសេវាតាមដានជើងហោះហើរ Flightradar24 បានឲ្យដឹងថា ជើងហោះហើរជាច្រើនវ៉ុលដែលហោះឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម បានបង្វែរទិសដៅទៅកាន់ទីក្រុង Muscat ក្នុងប្រទេសអូម៉ង់ ខណៈយន្តហោះចូលទៅផ្សេងទៀតបានហោះជុំវិញនៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយការវាយប្រហារនេះបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បាននិយាយថា អ៊ីរ៉ង់ពុំមានផែនការកំណត់គោលដៅលើប្រទេសអារ៉ាប់រួមទេ ខណៈក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយនៅលើបណ្តាញ X ថា បានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនបីគ្រាប់ ហើយមីស៊ីលទីបួនបានធ្លាក់ចូលទៅក្នុងសមុទ្រ។