អាជ្ញាធរហ្ស៊កដានី បានជម្លៀសកុមារប៉ាឡេស្ទីនឈឺចំនួន ៤២នាក់ និងសមាជិកគ្រួសាររបស់ពួកគេចំនួន ៧៥ នាក់ ចេញពីតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្ត្រ និងមនុស្សធម៌របស់ប្រទេសនេះ។

កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី ត្រូវបានប្រគល់ភារកិច្ចឲ្យអនុវត្តប្រតិបត្តិការនេះ។ កុមារទាំងនោះ នឹងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនានាក្នុងប្រទេសហ្ស៊កដានី និងប្រទេសដទៃទៀត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី។

ហ្ស៊កដានីបានផ្តួចផ្តើមកម្មវិធីមួយកាលពីខែមីនា ឆ្នាំមុន ដើម្បីជម្លៀសកុមារប៉ាឡេស្ទីនប្រហែល ២.០០០ នាក់ ដែលត្រូវការការថែទាំសុខភាពចេញពីតំបន់ហ្កាហ្សា។ រហូតមកទល់ពេលនេះ កម្មវិធីនេះបានជួយកុមារ ៧១៦នាក់ ដោយសហការជាមួយក្រសួងសុខាភិបាលហ្ស៊កដានី និងអង្គការសុខភាពពិភពលោក។
ហ្ស៊កដានីបាននាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់អាហារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា តាមរយៈក្បួនរថយន្តជំនួយ ឬការទម្លាក់ជំនួយតាមអាកាស ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ ២០២៥៕