ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានមកដល់ ។ ក្រុមប្រកបរបររថន្តឈ្នួល រវាងភ្នំពេញ និងបណ្តាខេត្តនានា បានឲ្យដឹងថា តម្លៃឈ្នួលនឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃនេះទៅ ប៉ុន្តែឡើងក្នុងកម្រិតអាចទទួលយកបានចន្លោះពី ៥ពាន់ ដល់១ម៉ឺនរៀល ក្នុងម្នាក់ ដោយសារប្រេង/ហ្គាសឡើងថ្លៃ និងមនុស្សចេញពីភ្នំពេញច្រើន ជាងត្រឡប់មកវិញនៅមុនពិធីឈានដល់។
លោក ម៉េង ម្ចាស់រថយន្តឈ្នួលរវាងភ្នំពេញ និងខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែមេសានេះថា ជារៀងរាល់ពិធីបុណ្យជាតិធំៗ តម្លៃរថយន្តឈ្នួលតែងតែមានការឡើងថ្លៃ ប៉ុន្តែមិនច្រើនណាស់ណាទេ ជាក់ស្តែងសម្រាប់លោក គឺឡើងថ្លៃចំនួនតែ ១ម៉ឺនរៀល ក្នុងម្នាក់ ដោយសារប្រេងឡើងថ្លៃ និងមូលហេតុមួយទៀតគឺ នៅមុនពិធីឈានដល់ អ្នកធ្វើដំណើរចាកចេញពីភ្នំពេញច្រើនជាងអ្នកត្រឡប់ចូល ហើយក្រោយចប់ពិធីបុណ្យ អ្នកធ្វើដំណើរចូលក្រុងវិញ មានចំនួនច្រើនជាងអ្នកចេញពីក្រុង។
ស្រដៀងគ្នានេះ ក្រុមអ្នករត់រថយន្តឈ្នួល (តាក់ស៊ី) ដទៃផ្សេងទៀតស្ថិតនៅម្តុំផ្សារថ្មី រាជធានីភ្នំពេញ បានលើកឡើងថា ការឡើងថ្លៃឈ្នួល មិនមែនចេះតែមាន និងហួសហេតុទេ ជាពិសេសក្នុងអំឡុងនៃវិបត្តិជំងឺឆ្លងកូវីដ១៩នេះ ត្រូវកាត់បន្ថយចំនួនអ្នកជិះ ដើម្បីរក្សាគម្លាត និងទប់ស្កាត់ការឆ្លងរាលដាលជាដើម បន្ទាប់ពីតម្លៃប្រេងកើនឡើង។
ពលរដ្ឋដែលត្រៀមចាកចេញពីភ្នំពេញ ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ សាច់ញាតិ និងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខាងមុខនេះ បាននិយាយថា ការឡើងថ្លៃឈ្នួលរថយន្តក្នុងពិធីបុណ្យទានម្តងៗ គឺអាចទទួលយកបាន ដោយសារការតម្លើងថ្លៃនោះ មិនលើសពី ១ម៉ឺន ឬ ២ម៉ឺនរៀលនោះទេ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃជាប់គ្នាដូចបណ្តាឆ្នាំមុនៗដែរ គិតចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសាខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី