នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) ប្រទេសចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ជាបន្ទាន់នូវការហាមឃាត់ និងទណ្ឌកម្មរបស់ខ្លួន លើគុយបា ដោយបញ្ជាក់ថា វិធានការដែលបានពង្រីកយ៉ាងទូលំទូលាយនេះ គឺ «ខុសច្បាប់» និង «រំលោភយ៉ាងធ្ងន់ធ្ងរ» លើបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
មន្ត្រីសេតវិមាន ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀត លើទីក្រុងឡាហាវ៉ាន បន្ទាប់ពីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡាចេញអំណាច បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី១ ខែឧសភា ដោយពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរដ្ឋាភិបាលគុយបា។
ទីក្រុងប៉េកាំងបានបង្ហាញការគាំទ្រ ចំពោះប្រទេសកោះសង្គមនិយមមួយនេះ បន្ទាប់ពីភាពតានតឹង បានផ្ទុះឡើងនៅក្នុងខែមករា រវាងសហរដ្ឋអាមេរិក និងគុយបា ក្រោយសហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាយូរមកហើយរបស់គុយបា។
អមដោយការរិះគន់ ចំពោះចំណាត់ការនេះថា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនោះ ក្រសួងការបរទេសចិនបានលើកឡើងថា «សហរដ្ឋអាមេរិកបានបង្កើនទណ្ឌកម្មឯកតោភាគីខុសច្បាប់របស់ខ្លួន ប្រឆាំងនឹងប្រទេសគុយបា»។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានបន្ថែមថា៖ «ប្រទេសចិនជំរុញឲ្យសហរដ្ឋអាមេរិកបញ្ចប់ជាបន្ទាន់នូវការហាមឃាត់ និងទណ្ឌកម្ម ប្រឆាំងនឹងប្រទេសគុយបា និងសម្ពាធបង្ខិតបង្ខំណាមួយ»។ ក្រសួងបានសង្កត់ធ្ងន់ថា ចំណាត់ការទាំងនោះបានរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា៕