ប្រមុខការទូតសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារ ៥ ឧសភា សប្ដាហ៍នេះថា បញ្ហាកោះតៃវ៉ាន់ ទំនងជាប្រធានបទនៃការសន្ទនារវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយក្នុងប្រទេសចិន។
លោក Rubio បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកមិនត្រូវការព្រឹត្តិការណ៍អស្ថិរភាពណាមួយកើតឡើងទាក់ទងនឹងកោះតៃវ៉ាន់នោះទេ។

លោក Rubio បាននិយាយថា រូបលោកប្រាកដថាបញ្ហាកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទនៃការសន្ទនា។ វាតែងតែជាប្រធានបទនៃការសន្ទនា។ លោកគិតថាប្រទេសទាំងពីរយល់ថាវាមិនមែនជាផលប្រយោជន៍របស់ប្រទេសទាំងពីរក្នុងការមើលឃើញអ្វីដែលជាអស្ថិរភាពកើតឡើងនៅក្នុងតំបន់នោះនៃពិភពលោកនោះទេ។ ពួកលោកមិនត្រូវការព្រឹត្តិការណ៍អស្ថិរភាពណាមួយកើតឡើងទាក់ទងនឹងតៃវ៉ាន់ ឬកន្លែងណាក៏ដោយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។
លោក Trump គ្រោងនឹងទៅទស្សនកិច្ចទីក្រុងប៉េកាំងនៅថ្ងៃទី ១៤ និង ១៥ ខែឧសភាខាងមុខនេះ។
តំបន់តៃវ៉ាន់កំពុងប្រឈមនឹងសម្ពាធយោធាកើនឡើងពីទីក្រុងប៉េកាំង ដែលអះអាងថាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ គឺជាទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារឥតឈប់ឈរ៕

