សាលារៀនឯកជនមួយកន្លែងនៅចំកណ្តាលទីក្រុងបេរូត ដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាមបានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹងផ្នែកសង្គមនៅទូទាំងប្រទេសលីបង់ ជុំវិញការជម្លៀសប្រជាជនទ្រង់ទ្រាយធំដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់។

ចាប់តាំងពីអ៊ីស្រាអែល ឈ្លានពានប្រទេសលីបង់ដើម្បីតាមស្វែងរកអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ដែលបានបាញ់ឆ្លងព្រំដែនកាលពីខែមីនា សាលារៀនHariri ត្រូវបានបិទសម្រាប់សិស្ស និងប្តូរទៅជាទីជម្រករួម ដោយមានជនភៀសខ្លួនជាង ១.៥០០នាក់កំពុងរស់នៅក្នុងថ្នាក់រៀន និងតង់នៅក្នុងទីធ្លាសាលារៀន។

កាលពីដើមខែឧសភា ឪពុកម្តាយរបស់សិស្សដែលបានរៀនតាមអនឡាញ បានតវ៉ាប្រឆាំងនឹងការបិទទ្វារដោយគ្មានកំណត់ និងបានអំពាវនាវឱ្យកូនៗរបស់ពួកគេអាចត្រឡប់ទៅថ្នាក់រៀនវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកតំណាងរដ្ឋបាលសាលារៀនបាននិយាយថា ខ្លួនមានការអាណិតអាសូរចំពោះអ្នកដែលជម្លៀសខ្លួន។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ប៉ុន្តែខណៈយើងមានការអាណិតអាសូរចំពោះពួកគេ សិស្សរបស់យើងក៏មានសិទ្ធិក្នុងការនៅក្នុងបរិវេណសិក្សានោះដែរ»។ សង្គ្រាមរយៈពេលពីរខែមកនេះ បានធ្វើឱ្យមនុស្សជាងមួយលាននាក់នៅក្នុងប្រទេសលីបង់ជម្លៀសខ្លួន។ ខណៈមនុស្សភាគច្រើនកំពុងស្នាក់នៅជាមួយសាច់ញាតិ ឬជួលអគារ មនុស្សយ៉ាងហោចណាស់១២៤.០០០នាក់កំពុងស្នាក់នៅក្នុងទីជម្រករួមដែលគ្រប់គ្រងដោយរដ្ឋាភិបាល។