ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និង៣៦នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅផ្សារទំនើប Arghavan ក្នុងទីក្រុង Andisheh ភាគខាងលិចទីក្រុងតេអេរ៉ង់។

យោងតាមកាសែតរបស់តុលាការអ៊ីរ៉ង់ Mizan បានឲ្យដឹងថា ផ្សារទំនើបបានឆាបឆេះកាលពីថ្ងៃអង្គារ ដោយសារតែស្រទាប់បិតផ្នែកខាងក្រៅអគារងាយរងភ្លើងឆាបឆេះ។
វីដេអូនៃអគ្គិភ័យ ដែលត្រូវបានចែករំលែកពាសពេញបណ្តាញផ្សព្វផ្សាយអ៊ីរ៉ង់ រួមទាំងទីភ្នាក់ងារសារព័ត៌មាន IRNA បានបង្ហាញថា អគារនេះត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។

វិទ្យុអ៊ីរ៉ង់ IRIB បាននិយាយថា បទបញ្ជាមួយត្រូវបានចេញដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះហេតុការណ៍នេះ ព្រមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនេះផងដែរ។