សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ មានការចាប់អារម្មណ៍ជាខ្លាំងលើមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សា។ ជាក់ស្ដែងនៅថ្ងៃនេះ សិស្សវិទ្យាល័យនៅរាជធានីភ្នំពេញ ជាច្រើនរយនាក់ បានចូលរួមស្វែងយល់ ក្នុងពិព័រណ៍មុខជំនាញសិក្សា និងកម្មវិធីពីស្ទែម របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ ជាច្រើនរយនាក់ បានមកចូលរួមក្នុងពិព័រណ៍ជំនាញសិក្សា និងកម្មវិធីពីស្ទែម ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រៀបចំឡើង។ ចូលរួមក្នុងគោលដៅរួមមួយ គឺម្នាក់ៗចង់សិក្សាស្វែងយល់លម្អិត លើមុខជំនាញសិក្សានានា ដែលសាលាមានក៏ដូចជាសិក្សាលម្អិត លើកម្មវិធីសិក្សា ក៏ដូចជាឱកាសការងារ សម្រាប់មុខជំនាញនីមួយៗ និងពិសេសភាពសមស្របនៃសមត្ថភាពខ្លួនទៅលើមុខជំនាញទាំងនោះ។

ពួកគេម្នាក់ៗចូលសាកសួរស្វែងយល់ គ្រប់មុខជំនាញ។ ពិសេសមុខជំនាញ ក្នុងវិស័យសុខាភិបាល ទាំងផ្នែកគិលានុបដ្ឋាក ផ្នែកឆ្មប និងផ្នែកផ្សេងៗទៀត។ សិស្សវិទ្យាល័យ ដែលបានចូលរួមក្នុងពិព័រណ៍នេះ ក៏ឱកាសសាកល្បងអនុវត្តដោយផ្ទាល់ ជាក់ស្តែងពួកគេបានចូលរួមអនុវត្ត ការរៀនពីរបៀបចាក់ថ្នាំដោយផ្ទាល់ ហើយបានបង្ហាញការពេញចិត្តដែលបានចូលរួមពិព័រណ៍ជំនាញសិក្សានេះ ព្រោះឆ្នាំនេះជាឆ្នាំចុងក្រោយសម្រាប់ការសិក្សានៅថ្នាក់វិទ្យាល័យ។
ក្នុងការរៀបចំពិព័រណ៍ជំនាញសិក្សានេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានលើកឡើងថា សាកលវិទ្យាល័យ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៧។ សាកលវិទ្យាល័យ មានគោលដៅនិងមានភាពរួចរាល់ជានិច្ច ក្នុងការចូលរួមបង្កើតមូលធនមនុស្សសម្រាប់អនាគតសង្គមជាតិកម្ពុជា។ ឯកឧត្តមថា ការរៀបចំកម្មវិធីពិព័រណ៍ជំនាញសិក្សានេះ គឺមានគោលដៅដែលជាការតម្រង់ទិសដល់សិស្សវិទ្យាល័យ។ តម្រង់ទិស ឱ្យសិស្សវិទ្យាល័យបានសិក្សាស្វែងយល់លម្អិតលើមុខជំនាញសិក្សា តម្រង់ទិសឱ្យសិស្សបានត្រៀមខ្លួន ពង្រឹងសមត្ថភាពខ្លួន ដើម្បីមានភាពរួចរាល់សម្រាប់មុខជំនាញសិក្សាដែលខ្លួនជ្រើសរើស៕ អត្ថបទ៖ គឹម ហុក








